Social Media Sharing Snapshot
In partnership with UCLA's Fielding School of Public Health and support from the Institute of American Cultures

COVID-19 コロナウイルス կորոնավիրուս 코로나 바이러스 कोरोनावाइरस

MULTILINGUAL RESOURCE HUB

#translatecovid #UCLAAASC #UCLAFSPH


COVID-19 Vaccine

វ៉ាក់សាំងកូវីដ 19

សំណួរម្លើយ (FAQ)

បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 2/1/2021

ហេតុអ្វីចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ 19?

វ៉ាក់សាំងនេះជួយការពារអ្នកមិនឲ្យឆ្លងជំងឺកូវីដ 19 និងជួយយើងកម្ចាត់ជំងឺរាតត្បាតសកលនេះឱ្យបានឆាប់រហ័សផងដែរ។

កូវីដ 19 គឺជាជំងឺដ៏កាចសាហាវ និងងាយឆ្លងបំផុត។ កូវីដ 19 បានឆក់យកអាយុជីវិតជនជាតិអាមេរិកាំងចំនួនជាង 400,000 នាក់រួចមកហើយ។ តាមការប្រៀបធៀប ជំងឺផ្ដាសាយតាមរដូវបានសម្លាប់ជនជាតិអាមេរិកាំងចំនួន 34,000 នាក់នៅឆ្នាំ 2019។ ប្រសិនបើអ្នកចាក់វ៉ាក់សាំង នោះវានឹងជួយអ្នក និងអ្នកដទៃផ្សេងទៀតឲ្យចៀសផុតពីជំងឺកូវីដ 19។

តើវ៉ាក់សាំងកូវីដ 19 មានប្រសិទ្ធភាពដូចម្ដេច?

ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះជួយឲ្យរាងកាយរបស់អ្នកស្គាល់វីរុសដែលបង្កជាជំងឺកូវីដ 19។ នៅពេលដែលរាងកាយរបស់អ្នកស្គាល់អំពីលក្ខណៈរបស់វីរុស នោះប្រព័ន្ធការពាររាងកាយរបស់អ្នកអាចប្រឆាំងនឹងវីរុសនោះ។

សូមផ្ដល់ព័ត៌មានបន្ថែមទៀត។ តើវ៉ាក់សាំងការពារអ្នកពីវីរុសយ៉ាងដូចម្ដេច?

រាងកាយរបស់អ្នកបង្កើតប្រូតេអ៊ីនដែលគេហៅថាអង្គបដិប្រាណ (ឬអង់ទីគ័រ)។ អង្គបដិប្រាណទាំងនេះប្រឆាំងនឹងវីរុសកាចសាហាវដែលជ្រៀតចូលទៅក្នុងរាងកាយរបស់អ្នក។ ប៉ុន្តែពួកវាចាំបាច់ត្រូវស្គាល់អំពីប្រភេទវីរុសដែលត្រូវប្រឆាំង។ វីរុសថ្មីអាចជ្រៀតចូលក្នុងរាងកាយរបស់អ្នក ដោយអង្គបដិប្រាណរបស់អ្នកមិនស្គាល់វីរុសនោះឡើយ។ ប្រសិនបើវាចូល វីរុសអាចវាយប្រហារមុនពេលអង្គបដិប្រាណរបស់អ្នកអាចប្រឆាំងតបវិញ។ វ៉ាក់សាំងនឹងបង្វឹករាងកាយរបស់អ្នកឲ្យឆាប់ស្គាល់វីរុសដែលបង្កគ្រោះថ្នាក់ និងជំរុញឲ្យអង្គបដិប្រាណប្រឆាំងនឹងវីរុស។ ពុំមានវ៉ាក់សាំងណាមួយដែលមានផ្ទុកវីរុសឡើយ ដូច្នេះអ្នកពុំចាំបាច់បារម្ភពីការឆ្លងជំងឺកូវីដ 19 នោះទេ។

តើខ្ញុំគួរចាក់វ៉ាក់សាំងកូវីដ 19 ដែរឬទេ?

យើងសូមលើកទឹកចិត្តឲ្យអ្នកដែលមានអាយុចាប់ពី 16 ឆ្នាំ ឡើងទៅ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

ប៉ុន្តែ អ្នកគួរឲ្យវេជ្ជបណ្ឌិតពិនិត្យមើលជាមុនថាតើអ្នកកំពុងមានផ្ទៃពោះដែរឬទេ។ ហើយអ្នកមិនគួរចាក់វ៉ាក់សាំងទេ ប្រសិនបើអ្នកធ្លាប់មានប្រតិកម្មអាឡែកស៊ីធ្ងន់ធ្ងរចំពោះធាតុផ្សំណាមួយនៅក្នុងវ៉ាក់សាំងនោះ។ ចូរប្រាប់វេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានប្រវត្តិប្រតិកម្មអាឡាក់ហ៊្សី ឬមានចម្ងល់ណាមួយ។

តើវ៉ាក់សាំងកូវីដ 19 មានសុវត្ថិភាពដែរឬទេ?

មានសុវត្ថិភាព។ រដ្ឋបាលស្បៀងអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) អនុម័តឲ្យប្រើវ៉ាក់សាំងណាមួយ លុះត្រាតែវ៉ាក់សាំងនោះត្រូវបានរកឃើញថាវាមានសុវត្ថិភាព និងប្រសិទ្ធភាព។ ដើម្បីទទួលបានការអនុម័តចំពោះវ៉ាក់សាំងមួយ អ្នកវិទ្យាសាស្រ្តបានធ្វើតេស្តវ៉ាក់សាំងថ្មីនីមួយៗទៅលើមនុស្សជាច្រើននាក់ដើម្បីប្រាកដថា ពួកវាមានសុវត្ថិភាព និងប្រសិទ្ធភាព។

គេបានធ្វើតេស្តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ទៅលើជនជាតិអាមេរិកចំនួនជាង 40,000 នាក់ និងវ៉ាក់សាំងក្រុមហ៊ុន Moderna លើមនុស្សចំនួន 30,000 នាក់។ លទ្ធផលតេស្តបានបង្ហាញថាវ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព។ ហេតុដូច្នេះហើយទើប FDA បានយល់ព្រមឲ្យប្រើវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Pfizer និង Moderna ជាបន្ទាន់។ វ៉ាក់សាំងជាច្រើនផ្សេងទៀតកំពុងត្រូវបានពិនិត្យមើលដើម្បីស្នើសុំការអនុម័ត និងអាចចេញឲ្យប្រើប្រាស់នៅពេលខាងមុខនេះ។

ប្រសិនបើគេអនុម័តឲ្យប្រើវ៉ាក់សាំងឆាប់រហ័សដូច្នេះ តើវាមានសុវត្ថិភាពដូចម្ដេចទៅ?

វ៉ាក់សាំងថ្មីនីមួយៗត្រូវបានធ្វើតេស្តលើសុវត្ថិភាព និងប្រសិទ្ធភាព។ វាជាការពិតសម្រាប់ Operation Warp Speed ដែលបានបង្កើនល្បឿនតេស្តវ៉ាក់សាំង។ ប៉ុន្តែទោះជាការធ្វើតេស្តប្រព្រឹត្តទៅដ៏លឿនក្ដី ក៏ពួកវាបានឆ្លងកាត់គ្រប់ដំណាក់កាលធម្មតាទាំងអស់ ដើម្បីប្រាកដថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។

ការធ្វើតេស្តវ៉ាក់សាំងបានឆ្លងកាត់បីដំណាក់កាលធំៗ (ការសាកល្បងគ្លីនីកដំណាក់កាលទី I ទី II និងទី III)។ នៅដំណាក់កាលទី I វេជ្ជបណ្ឌិតផ្ដល់វ៉ាក់សាំងដល់អ្នកស្ម័គ្រចិត្ត។ ការស្រាវជ្រាវនេះផ្ដល់ព័ត៌មានអំពីបរិមាណដែលត្រូវចាក់ និងការយល់ឃើញបឋមអំពីសុវត្ថិភាពរបស់វ៉ាក់សាំង។ នៅដំណាក់កាលទី 1 មានមនុស្សមួយចំនួនតូចប៉ុណ្ណោះបានទទួលវ៉ាក់សាំងនេះ ពីព្រោះវាជាវ៉ាក់សាំងថ្មីពេក។ ប្រសិនបើវាបង្ហាញថាមានសុវត្ថិភាព បន្ទាប់មកគេធ្វើតេស្តជាបន្តទៀតនៅដំណាល់កាលទី II។

នៅដំណាក់កាលទី II គេបានធ្វើតេស្តវ៉ាក់សាំងនេះដើម្បីពិនិត្យមើលពីប្រសិទ្ធភាព និងផលរំខានរបស់វា។ ប្រសិនបើឃើញថាវាមានសុត្ថិភាព និងប្រសិទ្ធភាពហើយ គេនឹងធ្វើតេស្តនៅដំណាក់កាលទី III ជាបន្តទៀត។

នៅដំណាក់កាលទី III គេបានសាកល្បងថ្នាំនេះលើមនុស្សចំនួន 30,000 នាក់ ដើម្បីស្វែងយល់លម្អិតអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វានៅក្នុងចំណោមក្រុមមនុស្សផ្សេងៗគ្នា។

ជាធម្មតា ដំណាក់កាលទាំងបីនេះត្រូវចំណាយពេលជាច្រើនឆ្នាំ។ នេះពីព្រោះគេត្រូវការពេលវេលាស្វែងរកមូលនិធិសម្រាប់ធ្វើតេស្តវ៉ាក់សាំង រៀបចំឯកសារ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត។ Warp Speed បានជួយឱ្យការស្រាវជ្រាវនេះដំណើរការទៅមុខបានឆាប់រហ័ស តាមរយៈការផ្ដល់មូលនិធិ និងរៀបចំឯកសារ។ ដូច្នេះ គេក៏បានធ្វើតេស្តវ៉ាក់សាំងកូវីដ 19 ទាំងនេះទាំងបីដំណាក់កាល ដោយបង្ហាញលទ្ធផលថាពួកវាមានសុវត្ថិភាព និងប្រសិទ្ធភាព។

តើពេលណាទើបខ្ញុំអាចចាក់វ៉ាក់សាំងបាន? តើខ្ញុំទទួលវ៉ាក់សាំងតាមរបៀបណា?

រដ្ឋ ខោនធី និងក្រុងនីមួយៗមាននីតិវិធីផ្ទាល់របស់ខ្លួនសម្រាប់ការផ្ដល់វ៉ាក់សាំង។ គេរៀបចំផ្ដល់ជូនទៅតាមក្រុមអាទិភាពដោយផ្អែកលើអាយុ ការងារ ឬកត្តាផ្សេងៗទៀត។ អ្នកអាចសាកសួរវេជ្ជបណ្ឌិត និយោជក ឬមន្ទីរសុខាភិបាលក្នុងតំបន់របស់អ្នកអំពីបញ្ហានេះ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងមានវេបសាយត៍ ដែលអាចជួយអ្នកក្នុងការស្វែងរកមន្ទីរសុខាភិបាលក្នុងមូលដ្ឋានរបស់អ្នក។

https://www.cdc.gov/coronavirus/2019-ncov/vaccines/index.html

មានពាក្យចចាមអារ៉ាម និងជំនឿផ្សេងៗជាច្រើនអំពីវ៉ាក់សាំង។ តើខ្ញុំអាចទទួលបានព័ត៌មានពិតនិងត្រឹមត្រូវពីកន្លែងណា?

ប្រភពព័ត៌មានដែលត្រឹមត្រូវបំផុតគឺក្រុមហ៊ុនផ្ដល់សេវាសុខភាពរបស់អ្នក ឬវេបសាយត៍របស់ទីភ្នាក់ងារសុខភាពរដ្ឋាភិបាលសហរដ្ឋអាមេរិកដូចជា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) ឬមន្ទីរសុខាភិបាលប្រចាំខោនធី តំបន់ ឬរដ្ឋ។

តើវ៉ាក់សាំងនេះធ្វើឲ្យខ្ញុំឆ្លងជំងឺកូវីដ 19 ដែរឬទេ?

អត់ទេ។ វ៉ាក់សាំងដែលអនុម័តឲ្យប្រើដោយ FDA នឹង មិន ធ្វើឲ្យអ្នកឆ្លងជំងឺកូរ៉ូណា (ឬហៅម្យ៉ាងទៀតថា SARS-CoV2) ដែលបង្កជាជំងឺកូវីដ 19 ឡើយ។

តើវ៉ាក់សាំងនេះនឹងបញ្ចូលមីក្រូឈីបក្នុងខ្លួនរបស់ខ្ញុំឬ? តើវានឹងបណ្ដាលឲ្យខ្ញុំរលូតកូន ឬគ្មានកូនឬ? តើវានឹងបំប្លែង DNA របស់ខ្ញុំដែរឬទេ?

អត់ទេ។ ទាំងនេះសុទ្ធតែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ ទាំងនេះមិនមែនជាការពិតឡើយ។

តើផលរំខានជារួមរបស់វ៉ាក់សាំងកូវីដ 19 មានអ្វីខ្លះ?

វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna អាចបង្កផលរំខានដល់ចំពោះមនុស្សមួយចំនួន។ នេះជារឿងធម្មតាទេ។ ផលប៉ះពាល់ជាទូទៅមាន៖

  • ឈឺចាប់ត្រង់កន្លែងចាក់ និងឈឺចាប់សាច់ដុំ និងសន្លាក់
  • អស់កម្លាំង
  • ក្ដៅខ្លួនបន្តិចបន្តួច
  • ឈឺក្បាល
  • គ្រុនរងារ

ផលរំខានទាំងនេះមានកម្រិតស្រាល ប៉ុន្តែជារឿយៗមានកម្រិតខ្លាំងជាងនេះ បន្ទាប់ពីចាក់ដូសទីពីរ។ ផលរំខានភាគច្រើនបាត់ទៅវិញក្នុងរយៈពេល 1 ឬ 2 ថ្ងៃក្រោយមក។

អ្នកអាចអាឡាក់ហ៊្សីចំពោះវ៉ាក់សាំងនេះ។ ប្រសិនបើអ្នកធ្លាប់មានប្រវត្តិប្រតិកម្មអាឡាក់ហ៊្សី ចូរប្រាប់វេជ្ជបណ្ឌិតរបស់អ្នកមុននឹងចាក់វ៉ាក់សាំង។

ប្រសិនបើខ្ញុំកើតជំងឺកូវីដ 19 រួចហើយ តើខ្ញុំគួរចាក់វ៉ាក់សាំងទៀតទេ?

ប្រាកដណាស់។ វេជ្ជបណ្ឌិតនឹងណែនាំឲ្យចាក់វ៉ាក់សាំងនេះថ្វីបើអ្នកកើតជំងឺកូវីដ 19 រួចហើយក៏ដោយ។ មានរបាយការណ៍ខ្លះបង្ហាញថា មានមនុស្សមួយចំនួនបានឆ្លងជំងឺកូវីដ 19 ជាលើកទី ២។

តើខ្ញុំគួរចាក់វ៉ាក់សាំងកូវីដ 19 ទេ ប្រសិនបើខ្ញុំមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន?

អ្នកគួរតែចាក់។ បច្ចុប្បន្ន វ៉ាក់សាំងនេះហាក់ដូចជាមានសុវត្ថិភាពចំពោះស្ដ្រីមានផ្ទៃពោះ ប៉ុន្តែយើងមិនទាន់ប្រាកដនៅឡើយទេ។ មិនទាន់មានការស្រាវជ្រាវលម្អិតនៅឡើយ ប៉ុន្តែយើងនឹងដឹងនៅពេលអនាគត។

ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ ទាំងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) និងទាំងមហាវិទ្យាល័យអាមេរិកាំងខាងសម្ភព និងរោគស្ត្រីបាននិយាយថា អ្នកអាចជ្រើសរើសចាក់ ឬមិនចាក់វ៉ាក់សាំងនេះដោយខ្លួនឯង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលវេបសាយត៍របស់អង្គភាពទាំងពីរនេះ។

https://www.cdc.gov/coronavirus/2019-ncov/vaccines/recommendations/pregnancy.html

https://www.acog.org/covid-19/covid-19-vaccines-and-pregnancy-conversation-guide-for-clinicians

តើខ្ញុំនៅតែពាក់ម៉ាស និងអនុវត្តវិធានការគម្លាតសង្គមដែរឬទេ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ 19 រួច?

Yត្រូវហើយ។ ពេលនេះ យើងមិនទាន់ដឹងថាតើវ៉ាក់សាំងអាចការពារអ្នកបានយូរប៉ុណ្ណាទេ។ វ៉ាក់សាំងមួយចំនួនការពារយើងបានពេញមួយជីវិត ប៉ុន្តែវ៉ាក់សាំងផ្សេងទៀតការពារអ្នកបានរយៈពេលខ្លីប៉ុណ្ណោះ។ ទាល់តែយើងបានដឹងពីរយៈពេលនៃប្រសិទ្ធភាពរបស់វ៉ាក់សាំងសិន ទើបយើងឈប់ពាក់ម៉ាស និងឈប់អនុវត្តវិធានការគម្លាតសង្គម។

តើវ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពចំពោះវីរុសប្រភេទថ្មីដែរឬទេ?

ប្រហែលជាមានប្រសិទ្ធភាព។ អ្នកជំនាញជាច្រើនជឿជាក់ថា វ៉ាក់សាំងកូវីដ 19 នឹងមានប្រសិទ្ធភាពចំពោះវីរុសទម្រង់ថ្មីមួយចំនួន។ ប៉ុន្តែ វ៉ាក់សាំងទាំងនេះប្រហែលជាពុំសូវមានប្រសិទ្ធភាពចំពោះអំបូរវីរុសទម្រង់ថ្មីមួយចំនួនឡើយ។ វ៉ាក់សាំងខ្លះមានប្រសិទ្ធភាពយូរអង្វែង ដូចជាវ៉ាក់សាំងរោគកញ្ជ្រឹលជាដើម។ វ៉ាក់សាំងផ្សេងទៀតមានប្រសិទ្ធភាពរយៈពេលខ្លីជាង និងចាំបាច់ត្រូវចាក់រំឭក ដូចជាវ៉ាក់សាំងជំងឺផ្ដាសាយជាដើម។ ក្នុងករណីជំងឺកូវីដ 19 នេះ យើងមិនអាចដឹងបានភ្លាមៗទេ។

ទោះជាយ៉ាងណាក្ដី ការចាក់វ៉ាក់សាំងបច្ចុប្បន្ននៅតែជារឿងសំខាន់បំផុត។ ពីព្រោះជំងឺងឆ្លងកំពុងតែរីករាលដាលនៅឡើយ។ បើយើងចាក់វ៉ាក់សាំងកាន់តែច្រើន យើងនឹងអាចគ្រប់គ្រងជំងឺឆ្លងបានកាន់តែឆាប់រហ័ស។

តើវ៉ាក់សាំងនេះមានប្រសិទ្ធភាពបានកម្រិតណា?

វ៉ាក់សាំងដែលផលិតឡើងដោយក្រុមហ៊ុន Moderna និង Pfizer មានប្រសិទ្ធភាពប្រហែល 95% ដែលមានន័យថា ប្រសិនបើអ្នកចាក់វ៉ាក់សាំង អ្នកមានឱកាសគេជផុតពីជំងឺកូវីដ 19 ប្រហែល 95% ដែលខ្ពស់ជាងការដែលអ្នកមិនបានចាក់វ៉ាក់សាំង។ ប៉ុន្តែអ្នកនៅតែមានឱកាសអាចឆ្លងជំងឺកូវីដ 19 ដែរ ទោះជាអ្នកចាក់វ៉ាក់សាំងហើយក៏ដោយ។

វ៉ាក់សាំងផ្សេងអាចមានប្រសិទ្ធភាពខ្ពស់ជាង ឬទាបជាងវ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរនេះ។ អ្នកគួរតែបន្តពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ និងអនុវត្តវិធានការគម្លាតសង្គមដដែល រហូតទាល់តែមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) បញ្ជាក់អំពីសុវត្ថិភាពក្នុងឈប់អនុវត្តទម្លាប់ទាំងនេះ។

ហេតុអ្វីបានជាកូនរបស់ខ្ញុំ (អាយុក្រោម 16 ឆ្នាំ) មិនអាចចាក់វ៉ាក់សាំងបាន?

យើងមិនទាន់ដឹងនៅឡើយទេថាតើវ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារដែរឬអត់។

ទោះជាយ៉ាងនេះក្ដី នៅពេលនេះក្រុមអ្នកវិទ្យាសាស្រ្តកំពុងតែសិក្សាអំពីបញ្ហានេះ។ យើងនឹងអាចដឹងថាតើវ៉ាក់សាំងទាំងនេះសមស្របសម្រាប់កុមារដែរឬទេនៅពេលអនាគត។

តើខ្ញុំអាចស្វែងរកចម្លើយចំពោះសំណួរផ្សេងទៀតអំពីវ៉ាក់សាំងនៅកន្លែងណា?

អ្នកអាចចូលមើលវេបសាយត៍របស់ CDC នៅត្រង់នេះ៖

https://www.cdc.gov/coronavirus/2019-ncov/vaccines/8-things.html

https://www.cdc.gov/coronavirus/2019-ncov/vaccines/facts.html

Disclaimer

The resources collected here are intended to provide basic information about COVID-19 to diverse communities. Please use the resources provided with caution. We do not endorse or assume responsibility for any information offered by third-party websites that are linked through this site. We strongly recommend consulting your personal health care providers and local officials for medical advice and guidelines. Due to the rapidly changing development of knowledge and guidelines around COVID-19, we have worked to confirm the origin of the links and resources to the best of our ability, but we know that some information provided may be out-of-date or incomplete. If you have any questions, please contact us at resources@aasc.ucla.edu or fill out our feedback form for suggestions.